ព្រះត្រៃបិដក ភាគ ៧៤
បានឮថា ព្រះគន្ធធូបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ គន្ធធូបិយត្ថេរាបទាន។
ឧទកបូជកត្ថេរាបទាន ទី២
[៣២] (ខ្ញុំបានឃើញ) នូវព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់មានវណ្ណៈដូចមាស កំពុងពុទ្ធដំណើរទៅឰដ៏អាកាស រុងរឿងដូចភ្លើងឆេះខ្លាញ់ ឬដូចភ្លើងកំពុងឆេះ ខ្ញុំក្បង់យកទឹកដោយដៃ សាចឡើងទៅឰដ៏អាកាស ឯព្រះពុទ្ធជាឥសី ទ្រង់ព្យាយាមធំ ប្រកបដោយសេចក្តីករុណា ទ្រង់ទទួលយក។ ព្រះសាស្តាព្រះនាមបទុមុត្តរៈ ប្រថាប់នៅឰដ៏អាកាស ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំហើយ ទើបត្រាស់នូវគាថានេះថា អ្នកនឹងមិនទៅកាន់ទុគ្គតិ អស់មួយសែនកប្ប ដោយការថ្វាយទឹកនេះផង ដោយការញុំាងបីតិឲ្យកើតឡើងផង។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ប្រសើរជាងពួកនរៈ ខ្ញុំព្រះអង្គលះបង់នូវការឈ្នះ និងការចាញ់ ហើយបានដល់នូវអចលដ្ឋាន ដោយកុសលកម្មនោះ។
ID: 637643033278884072
ទៅកាន់ទំព័រ៖