ព្រះត្រៃបិដក ភាគ ៧៤
ផុស្សិតកម្មិយត្ថេរាបទាន ទី៥
[៣៥] កាលនោះ ព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ប្រសើរជាងនរជន បរិបូណ៌ដោយព្រះខីណាស្រព ទ្រង់គង់នៅក្នុងសង្ឃារាម។ ព្រះវិបស្សីលោកនាយកអង្គនោះ ស្តេចចេញអំពីទ្វារអារាម មួយអន្លើដោយព្រះខីណាស្រព ៨ សែនអង្គ។ ខ្ញុំស្លៀកស្បែកខ្លាឃ្មុំ ដណ្តប់សម្បកឈើ ហើយដងយកទឹកអណ្តូង កាន់ដើរចូលទៅគាល់ព្រះសម្ពុទ្ធ។ ខ្ញុំញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា មានសេចក្តីត្រេកអរកើតឡើង ក៏ធ្វើអញ្ជលី យកទឹកអណ្តូងនោះ ប្រស់ព្រំព្រះសម្ពុទ្ធ។ ហេតុតែកុសលកម្មនោះ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ សម្តែងនូវកម្មនោះដល់ខ្ញុំ ហើយស្តេចពុទ្ធដំណើរទៅកាន់ទីគួរតាមបា្រថ្នា ខ្ញុំបានបូជាព្រះជិនស្រី ដោយទឹកប្រាំពាន់តំណក់ បានសោយទេវរាជ ៣ ពាន់ដងដោយកន្លះ (២៥០០)។ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ពាន់ដង ដោយកន្លះ បានដល់អរហត្ត ដោយកុសលកម្មដ៏សេសសល់។ ខ្ញុំបានជាស្តេចនៃទេវតា ជាធំជាងពួកមនុស្ស ក្នុងកាលណា កាលនោះ ឈ្មោះរបស់ខ្ញុំនោះ ក៏ឈ្មោះថាផុស្សិត។
ID: 637643036386853123
ទៅកាន់ទំព័រ៖