ព្រះត្រៃបិដក ភាគ ៧៤

ធម្មស្សវនិ​យត្ថេ​រាប​ទាន ទី៩


 [៣៩] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង កំពុង​ប្រកាស​សច្ចៈ ៤ ចម្លង​មហាជន។ សម័យ​នោះ ខ្ញុំ​ជា​ជជិ​លមាន​តបៈ​ដ៏​ខ្ពង់ខ្ពស់ កំពុង​រលាស់សំពត់​សម្បកឈើ ហោះ​ទៅ​ឰដ៏​អាកាស។ តែ​ខ្ញុំ​មិន​អាច​នឹង​ទៅ​ពី​ខាងលើ​នៃ​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ​បាន ក្នុង​កាលនោះ ខ្ញុំ​ក៏​ខានធ្វើ​ដំណើរ​ទៅ ដូច​សត្វស្លាប​ដែល​ជាប់​នៅនឹង​ភ្នំ។ ទើប​ខ្ញុំ​គិតថា ការ​ខកដំណើរ​បែបនេះ អាត្មាអញ​មិនធ្លាប់​កើតមាន​ទេ អាត្មាអញ​ទៅ​ឰដ៏​អាកាស​ម្តងនេះ ដូច​បើកភ្នែក​ក្នុងទឹក ប្រហែល​មាន​មនុស្ស​អស្ចារ្យ អង្គុយ​នៅ​ឰដ៏​ខាងក្រោម​ទេ​ដឹង បើ​ដូច្នោះ អាត្មាអញ​នឹង​ស្វែងរក​មនុស្ស​នេះ បើ​ឃើញ គង់​នឹង​បាន​ប្រយោជន៍​ខ្លះ មិនខាន​ឡើយ។ កាលនោះ ខ្ញុំ​ចុះ​អំពី​អាកាស​មក បាន​ស្តាប់​ព្រះសូរសៀង​ព្រះ​សាស្តា ដែល​កំពុង​សម្តែង​អនិច្ចតាធម៌ ខ្ញុំ​ក៏បាន​រៀន​នូវ​អនិច្ចតាធម៌​នោះ។ លុះ​ខ្ញុំ​រៀន​អនិច្ចសញ្ញា​ហើយ ក៏​ដើរទៅ​កាន់​អាស្រម​របស់ខ្ញុំ ខ្ញុំ​នៅ​ដរាបដល់​អស់អាយុ ក៏​ធ្វើ​មរណកាល​ក្នុង​ទីនោះ។
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637643039367478186
ទៅកាន់ទំព័រ៖