ព្រះត្រៃបិដក ភាគ ៧៤
ឧក្ខិត្តបទុមិយត្ថេរាបទាន ទី១០
[៤០] កាលនោះ ខ្ញុំជាអ្នកក្រងផ្កា នៅក្នុងក្រុងហង្សវតី បានចុះទៅក្នុងស្រះឈូក ហើយកាច់យកផ្កាឈូក។ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង មួយអន្លើដោយព្រះខីណាស្រពមួយសែនអង្គ ជាអ្នកមានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ មានសន្តានស្អាត បានអភិញ្ញា ៦ និងមានឈាន ទ្រង់ជាបុរសដ៏ខ្ពង់ខ្ពស់ ទ្រង់ស្វែងរកសេចក្តីចម្រើនដល់ខ្ញុំ បានធ្វើពុទ្ធដំណើរមករកខ្ញុំ។ កាលនោះ ខ្ញុំបានឃើញព្រះសយម្ភូ ជាលោកនាយក ជាទេវតាក្រៃលែងជាងទេវតា ទើបកាច់ផ្កាឈូកត្រង់ទង បោះឡើងទៅនាអាកាស។ ខ្ញុំប្រកាសថា បពិត្រព្រះអង្គជាអ្នកប្រាជ្ញ បើព្រះអង្គជាព្រះពុទ្ធ ជាច្បងក្នុងលោក ប្រសើរជាងពួកនរជនមែន សូមផ្កាឈូកទាំងនុ៎ះអណែ្តតទៅឯង សូមផ្កាឈូកទាំងនុ៎ះ បាំងពីខាងលើព្រះសិរ្សៈ (របស់ព្រះអង្គ) ចុះ។ ព្រះសម្ពុទ្ធទ្រង់មានព្យាយាមធំ ជាច្បងក្នុងលោកប្រសើរជាងពួកនរជន ទ្រង់អធិដ្ឋានហើយ ផ្កាឈូកទាំងនោះ ក៏បាំងពីខាងលើព្រះសិរ្សៈនៃព្រះអង្គ ដោយពុទ្ធានុភាព។
ID: 637643040667790494
ទៅកាន់ទំព័រ៖