ព្រះត្រៃបិដក ភាគ ៧៤
ឯកបទុមវគ្គ ទី៣៥
ឯកបទុមិយត្ថេរាបទាន ទី១
[៤១] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង កំពុងទ្រង់សម្តែងធម៌ឲ្យបណ្តាជនច្រើននាក់ឆ្លងនូវភពតូច និងភពធំ។ កាលនោះ ខ្ញុំកើតជាស្តេចហង្សប្រសើរជាងសត្វស្លាបទាំងឡាយ បានចុះកាន់ជាតស្រះ ហើយលេងល្បែងហង្ស។ ខណៈនោះ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាប់ច្បាស់នូវត្រៃលោក ទ្រង់គួរទទួលគ្រឿងបូជា បានស្តេចពុទ្ធដំណើរមកពីខាងលើជាតស្រះ។ ខ្ញុំបានឃើញព្រះសយម្ភូលោកនាយក ជាទេវតាក្រៃលែងជាងទេវតា ក៏កាច់ផ្កាបទុមជាត គឺផ្កាឈូកជាទីរីករាយនៃចិត្ត ត្រង់ទង ខ្ញុំមានចិត្តជ្រះថ្លា បានពាំយកផ្កានោះដោយចំពុះ ហើយបោះទៅឰដ៏អាកាស បូជាព្រះសម្ពុទ្ធដ៏ប្រសើរ។ ព្រះសាស្តា ព្រះនាមបទុមុត្តរៈ ទ្រង់ជា្រប់ច្បាស់ត្រៃលោក ទ្រង់គួរទទួលគ្រឿងបូជា បានប្រថាប់នៅឰដ៏អាកាស ហើយធ្វើអនុមោទនាថា អ្នកនឹងមិនទៅកើតក្នុងវិនិបាត អស់មួយសែនកប្ប ដោយផ្កាឈូកមួយនេះផង ដោយការតាំងចេតនានេះផង។
ID: 637643041570290538
ទៅកាន់ទំព័រ៖