ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​កំពុង​ដើរទៅ មិនយូរ​ប៉ុន្មាន សេ្តច​ម្រឹគ​គឺ​សីហៈ​ក៏​ខាំ​ខ្ញុំ ខ្ញុំ​ដែល​ត្រូវ​សីហៈ​ខាំ​ផ្តួល​ហើយ​នោះ ក៏​ធ្វើ​មរណកាល​ត្រង់កន្លែង​នោះ។ ព្រោះ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើ​ហើយ ចំពោះ​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ មិន​មាន​អាសវៈ ក្នុង​ពេល​ជិត​មរណៈ​នោះ ខ្ញុំ​ក៏បាន​ទៅ​កើត​ឯឋាន​ទេវលោក ដូច​កម្លាំង​សរ​ដែល​របូត​ចេញ។ ប្រាសាទ​ជា​វិការៈ​នៃ​កែវមណី​មាន​ពណ៌ខៀវ ដែល​បុញ្ញកម្ម​និម្មិត​ហើយ​សម្រាប់​ខ្ញុំ ក្នុង​ទេវលោក​នោះ ជា​ប្រាសាទ​ដ៏​ល្អ មាន​កំពស់​មួយ​ពាន់​ជួរ​កូនសរ មាន​ជាន់ ១០០ បរិបូណ៌​ដោយ​ទង់។ ពន្លឺ​នៃ​ប្រាសាទ​នោះ​ផ្សាយ​ចេញទៅ​ដូច​ព្រះអាទិត្យ​រះ​ឡើង ខ្ញុំ​ជា​អ្នក​ប្រាថ្នា​រីករាយ​ក្នុង​កាម កុះករ​ដោយ​ស្រី​ទេពកញ្ញា។ ខ្ញុំ​ច្យុត​ចាក​ទេវលោក​ហើយ ត្រូវ​កុសល​មូល​ដាស់តឿន ក៏បាន​មកកាន់​មនុស្ស​ភាព ហើយ​ដល់​នូវ​ការ​ក្ស័យ​នៃ​អាសវៈ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ស្មៅ​សម្រាប់​អង្គុយ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ស្មៅ​មួ​យកា្តប់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637643044470759706
ទៅកាន់ទំព័រ៖