ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានកាន់ផ្កានោះដោយដៃទាំងពីរ ហើយបូជាព្រះបច្ចេកមុនីដ៏ឧត្តម ដែលទ្រង់ឈ្នះកិលេស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកចម្បកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកចម្បកបុប្ផិយត្ថេរាបទាន។
តិមិរបុប្ផិយត្ថេរាបទាន ទី៩
[៦៩] ខ្ញុំទៅតាមទីបណ្តោយខ្សែទឹក បានឃើញព្រះពុទ្ធជិតឆ្នេរស្ទឹងចន្ទភាគា ទ្រង់ប្រាសចាកធូលីគឺរាគៈ ទ្រង់ដូចសាលរាជព្រឹក្សមានផ្ការីក។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយចំពោះព្រះបច្ចេកមុនីដ៏ឧត្តម បាននាំយកផ្កាតិមិរព្រឹក្ស មករោយលើព្រះកេសព្រះអង្គ។
ID: 637643051519821905
ទៅកាន់ទំព័រ៖