ព្រះត្រៃបិដក ភាគ ៧៥
ផ្នូកខ្សាច់ដ៏ល្អដេរដាស ជ្រួតជ្រាបដោយទឹកក្នុងទីនោះ នឹងដើមសេតព្រឹក្ស មានផ្ការោយចុះ ក៏ផ្ការីក ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកតាបសទាំងអស់ ពេញទៅដោយភារៈ គឺផ្នួងសក់ ស្លៀកសំពត់ស្បែកខ្លា ទាំងទ្រទ្រង់នូវសំពត់សំបកឈើ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ (ពួកតាបសទាំងនោះ) ក្រឡេកមើលប្រមាណមួយជួរនឹម ជាបុគ្គលមានបញ្ញាចាស់ មានកិរិយាប្រព្រឹត្តដ៏ស្ងប់ស្ងាត់ជាប្រក្រតី មិនមានសេចក្តីប្រាថ្នាក្នុងការជាប់ចំពាក់ដោយកាម នៅក្នុងអាស្រមរបស់ខ្ញុំ។ ពួកតាបសទាំងអស់នោះ មានក្រចក និងរោមក្លៀកដុះវែងៗ មានមន្ទិលធ្មេញ មានធូលីលើក្បាល ទ្រទ្រង់នូវធូលី និងក្អែល នៅក្នុងអាស្រមរបស់ខ្ញុំ។ ពួកតាបសទាំងនោះ ដល់នូវអភិញ្ញាបារមី សុទ្ធតែត្រាច់ទៅឰដ៏អាកាសបាន តាបសទាំងនុ៎ះហោះទៅកាន់អាកាស ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ គ្រានោះ ខ្ញុំមានពួកសិស្សទាំងនោះ ចោមរោមជាបរិវារ នៅក្នុងព្រៃធំ ឆ្អែតស្កប់ស្កល់ដោយសេចក្តីរីករាយក្នុងឈាន ឥតដឹងយប់ និងថ្ងៃ។
ID: 637643672874451493
ទៅកាន់ទំព័រ៖