ព្រះត្រៃបិដក ភាគ ៧៥
ឱ! ដំណើរដែលខ្ញុំបានមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសីហាសនិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សីហាសនិកត្ថេរាបទាន។
បាទបីឋិយត្ថេរាបទាន ទី៨
[៣៨] ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ជាអ្នកប្រាជ្ញធំ ប្រកបដោយករុណា ទ្រង់ចម្លងនូវសត្វទាំងឡាយដ៏ច្រើន ព្រះអង្គមានយសធំ ទ្រង់បរិនិព្វានហើយ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើតាំងសម្រាប់រងព្រះបាទ ទុកក្នុងទីជិតនៃសីហាសនៈរបស់ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ ព្រះអង្គស្វែងរកនូវគុណធំនោះ។ ខ្ញុំធ្វើកុសល មានសុខជាវិបាក មានសុខជាកំរៃ ប្រកបដោយបុញ្ញកម្ម ក៏ទៅកើតក្នុងឋានតាវត្តិង្ស។
ID: 637643708988474679
ទៅកាន់ទំព័រ៖