ព្រះត្រៃបិដក ភាគ ៧៥
ឱ! ដំណើរដែលខ្ញុំបានមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបាទបីឋិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បាទបីឋិយត្ថេរាបទាន។
វេទិយការកត្ថេរាបទាន ទី៩
[៣៩] ខ្ញុំកសាងកំពែងដ៏ល្អ ទៀបដើមពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ហើយញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា។ ភណ្ឌៈទាំងឡាយដ៏ប្រសើរលើសលុប ដែលគេធ្វើហើយក្តី គេមិនទាន់ធ្វើហើយក្តី រមែងធ្លាក់ចុះមកអំពីអាកាស នេះជាផលនៃកំពែង។ ខ្ញុំស្ទុះចូលទៅក្នុងពួកសង្គ្រាម ជាទីគួរខ្លាចដោយចំណែកទាំងពីរ ក៏មិនឃើញនូវភ័យដែលគួរខ្លាច នេះជាផលនៃកំពែង។
ID: 637643709593005856
ទៅកាន់ទំព័រ៖