ព្រះត្រៃបិដក ភាគ ៧៥
ពោធិឃរការកត្ថេរាបទាន ទី១០
[៤០] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើខឿននៃដើមពោធិព្រឹក្ស របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គជាធំជាងសត្វជើងពីរ ព្រះអង្គមិនញាប់ញ័រដោយលោកធម៌។ ខ្ញុំបានទៅកើតក្នុងឋានតុសិត នៅក្នុងផ្ទះកែវ សម្ផ័ស្សទាំងឡាយ ត្រជាក់ក្តី ក្តៅក្តី ខ្យល់ក្តី មិនដែលពាល់ត្រូវខ្លួនខ្ញុំឡើយ។ ក្នុងកប្បទី ៦៥ អំពីកប្បនេះ ខ្ញុំកើតជាសេ្តចចក្រពត្តិ នគររបស់សេ្តចនោះ ឈ្មោះកាសិកៈ ដែលវិស្សុកម្មទេវបុត្រសាងថ្វាយ។ (នគរនោះ) មានបណ្តោយ ១០ យោជន៍ ទំហំ ៨ យោជន៍ ឈើក្តី វល្លិក្តី ដីស្អិតក្តី មិនមានក្នុងនគរនោះឡើយ។ ប្រាសាទឈ្មោះមង្គលៈ ដែលវិស្សុកម្មទេវបុត្រសាងថ្វាយ មានទទឹង ១ យោជន៍ ទំហំកន្លះយោជន៍។ សសរ ៨៤០០០ សឹងជាវិការៈនៃមាស ប្រាសាទកំពូលជាវិការៈនៃកែវមណី ដំបូលជាវិការៈនៃបា្រក់។
ID: 637643710141443395
ទៅកាន់ទំព័រ៖