ព្រះត្រៃបិដក ភាគ ៧៥

វន​កោ​រណ្ឌិ​យត្ថេ​រាប​ទាន ទី៦


 [៤៦] ខ្ញុំ​បាន​យក​ផ្កា​កន្ទុយដំរី​ក្នុង​ព្រៃ ទៅ​បូជា​ចំពោះ​ព្រះពុទ្ធ ព្រះនាម​សិទ្ធត្ថៈ​មាន​ព្រះ​ភាគ ជាធំ​ក្នុង​លោក ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌។ ក្នុង​កប្បី​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​វន​កោ​រណ្ឌិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គា​ថា​ទំា​ងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វន​កោ​រណ្ឌិ​យត្ថេ​រាប​ទាន។
ចប់ ភាណវារៈ ទី២០។

ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637643712871443420
ទៅកាន់ទំព័រ៖