ព្រះត្រៃបិដក ភាគ ៧៥
អវដផលិយត្ថេរាបទាន ទី៦
[៥៦] ព្រះសម្ពុទ្ធមានព្រះភាគ ជាសយម្ភូ ទ្រង់មានរស្មីច្រើន ព្រះអង្គឈ្នះកិលេសមារ ទ្រង់ប្រាថ្នានូវវិវេក ស្តេចចេញទៅដើម្បីគោចរ។ ខ្ញុំកាន់ផ្លែឈើក្នុងដៃ លុះឃើញព្រះពុទ្ធដ៏ប្រសើរជាងពួកនរៈហើយ ក៏ចូលទៅជិត ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយនូវផ្លែឈើឥតទងនោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643716816287093
ទៅកាន់ទំព័រ៖