ព្រះត្រៃបិដក ភាគ ៧៥
ព្រះពុទ្ធទ្រង់កំចាត់បង់នូវងងឹតអន្ធការ ទ្រង់ចម្លងនូវជនច្រើន ទ្រង់រុងរឿងដោយពន្លឺគឺញាណ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ព្រះលោកនាយក ទ្រង់សេ្តចទៅជាមួយនឹងព្រះខីណាស្រពមួយសែន ដែលស្ទាត់ជំនាញ ទ្រង់ស្រង់នូវសត្វទាំងឡាយដ៏ច្រើន បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ព្រះពុទ្ធនាំមកនូវធម្មភេរី ទ្រង់ញាំញីនូវពួកតិរិ្ថយ បន្លឺឡើងនូវសីហនាទ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ពួកទេវតា ព្រមទាំងព្រហ្ម រហូតដល់ព្រហ្មលោក មកសួរនូវបញ្ហាដ៏ល្អិត អ្នកណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ពួកជន ព្រមទាំងទេវតា ធ្វើនូវអញ្ជលីបួងសួង ចំពោះព្រះពុទ្ធអង្គណា រមែងបានទទួលនូវបុណ្យ ដោយសារព្រះពុទ្ធអង្គនោះ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ជនទាំងពួងមកព្រមគ្នា ហើយបវារណាព្រះពុទ្ធមានចក្ខុ ព្រះអង្គដែលគេអារាធនាហើយ រមែងមិនញាប់ញ័រ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។
ID: 637643718049880897
ទៅកាន់ទំព័រ៖