ព្រះត្រៃបិដក ភាគ ៧៥

ស្គរ​ជាច្រើន​រមែង​បន្លឺ​ឡើង ដំរី​ទាំងឡាយ ដែល​ចុះប្រេង រមែង​បន្លឺ​ឡើង ចំពោះ​ព្រះសម្ពុទ្ធ​អង្គ​ណា កាលដែល​ស្តេច​ចូល​ទៅ​ក្នុង​ទីក្រុង បុគ្គល​ណា​ឃើញ (ព្រះពុទ្ធអង្គ​នោះ) ហើយ នឹង​មិន​ជ្រះថ្លា​ម្តេច​បាន។ ឯពន្លឺ​នៃ​ព្រះពុទ្ធអង្គ​ណា ដែល​កំពុង​ស្តេច​ទៅតាម​ថ្នល់ រមែង​រុង​រឿង​សព្វៗកាល រស្មី​ទាំងឡាយ (របស់​ព្រះពុទ្ធអង្គ​នោះ) ខ្ពង់ខ្ពស់​ឡើង​ក្រៃពេក បុគ្គល​ណា​ឃើញ​ហើយ នឹង​មិន​ជ្រះថ្លា​ម្តេច​បាន។ បុគ្គល​ឮ (នូវ​សំឡេង) នៃ​ព្រះពុទ្ធ កាល​ពោល​ក្នុង​ចក្រវាឡ ព្រះ​អង្គ​ញុំាង​សត្វ​ទាំងអស់​ឲ្យដឹង​ច្បាស់ បុគ្គល​ណា​ឃើញ​ហើយ នឹង​មិន​ជ្រះថ្លា​ម្តេច​បាន។ ក្នុង​កប្ប​ទីមួយ​សែន អំពី​ភទ្ទកប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​សរសើរ​នូវ​ព្រះពុទ្ធ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សេចក្តី​សរសើរ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637643718272068415
ទៅកាន់ទំព័រ៖