ព្រះត្រៃបិដក ភាគ ៧៥
អំពើដែលខ្ញុំធ្វើល្អហើយ ព្រោះខ្ញុំបានឃើញព្រះពុទ្ធជានាយក ខ្ញុំរួចស្រឡះហើយចាកវិនិបាត ខ្ញុំបានដល់នូវអចលបទ គឺព្រះនិព្វាន។ ខ្ញុំទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ពន្លឺតែងមានសម្រាប់ខ្ញុំទាំងថ្ងៃទាំងយប់សព្វៗកាល។ ខ្ញុំសោយសម្បត្តិទាំងឡាយ ដោយសារការបូជានូវកែវមណីនោះឯង ពន្លឺគឺញាណ ខ្ញុំឃើញហើយ ខ្ញុំបានដល់នូវអចលបទ គឺព្រះនិព្វាន។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបូជាកែវមណី ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាកែវមណី។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
ID: 637643720807537148
ទៅកាន់ទំព័រ៖