ព្រះត្រៃបិដក ភាគ ៧៥

 បុគ្គល​ណា​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​ស្បែកជើង​ដល់​តថាគត ដោយដៃ​របស់​ខ្លួន តថាគត​នឹង​សរសើរ​បុគ្គល​នោះ អ្នក​ទាំងឡាយ​ចូរ​ស្តាប់ នូវ​ភាសិត​ដែល​តថាគត​នឹង​សម្តែង​ចុះ។ ទេវតា​ទាំងអស់ បានដឹង​នូវ​វាចា​របស់​ព្រះពុទ្ធ ក៏​មក​ប្រជុំ​គ្នា មានចិត្ត​ខ្ពស់​ឡើង មានចិត្ត​រីករាយ មាន​សេចក្តី​ត្រេកអរ ធ្វើ​នូវ​អញ្ជលី។ បុគ្គល​នេះ​នឹង​ដល់​នូវ​សេចក្តី​សុខ ព្រោះ​ការ​ថ្វាយ​នូវ​ស្បែកជើង នឹង​សោយរាជ្យ​ជា​ស្តេច​ទេវតា អស់ ៥៥ ដង។ នឹង​បាន​ជា​សេ្តច​ចក្រពត្តិ​មួយ​ពាន់​ដង នឹង​សោយ​បទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​ជាតិ​មិន​អស់។ ក្នុង​កប្ប​ប្រមាណ​មិនបាន អំពី​កប្ប​នេះ ព្រះ​សាស្តា​មាន​នាម​ថា​គោតម ទ្រង់​កើត​ក្នុង​ត្រកូល​ឱក្កា​កៈ នឹង​បាន​ត្រាស់​ក្នុង​លោក។ (បុរស​នេះ) នឹង​បាន​ជា​អ្នកទទួល​នូវ​មត៌ក ក្នុង​ធម៌​របស់​ព្រះ​គោតម​នោះ ជា​ឱរស​ដែល​ធម៌​និមិត្ត​ហើយ កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637643740846755938
ទៅកាន់ទំព័រ៖