ព្រះត្រៃបិដក ភាគ ៧៥

លំដាប់នោះ​ឯង ព្រះសម្ពុទ្ធ​ព្រះនាម​សិទ្ធត្ថៈ បាន​កើតឡើង​ហើយ​ក្នុង​លោក ទ្រង់​ញុំាង​សេចក្តី​ងងឹត​ដ៏​ក្រៃលែង​ឲ្យ​វិនាស ហើយ​ញុំាង​ពន្លឺ​គឺ​ញាណ ឲ្យ​ប្រព្រឹត្តទៅ។ ក្នុង​កាលនោះ មាន​សិស្ស​ម្នាក់​របស់ខ្ញុំ បាន​ប្រាប់​ដល់​ពួក​សិស្សរបស់​ខ្ញុំ លុះ​ពួក​សិស្ស​ទាំងនោះ​ឮហើយ ទើប​ប្រាប់​សេចក្តី​នោះ​ដល់​ខ្ញុំ (ខ្ញុំ​ក៏បាន​គិតថា) ព្រះ​សព្វញ្ញូ ជា​លោកនាយក ព្រះអង្គ​បាន​កើតឡើង​ក្នុង​លោក​ហើយ ជន​តែង​ប្រព្រឹត្ត​តាម​នូវ​ព្រះសម្មាសម្ពុទ្ធ​អង្គ​នោះ ឯអាត្មាអញ​គ្មាន​លាភ​នឹងគេ​សោះ។ ព្រះពុទ្ធ​ទាំងឡាយ មាន​ចក្ខុ មានយស​ធំ ព្រះអង្គ​ទ្រង់​កើតឡើង ព្រោះ​អាស្រ័យហេតុ បើ​ដូច្នោះ អាត្មាអញ​គួរ​ទៅ​មើល​ព្រះសម្មាសម្ពុទ្ធ​ដ៏​ប្រសើរ ព្រះអង្គ​ជា​លោកនាយក។ ខ្ញុំ​បាន​កាន់​យក​ស្បែក​ខ្លា សំពត់​សម្បកឈើ និង​កុណ្ឌី​ទឹក​របស់ខ្ញុំ ចេញ​អំពី​អាស្រម ហើយ​ហៅ​ពួក​សិស្ស​មក​ប្រាប់​ថា ការ​ឃើញ​នូវ​ព្រះពុទ្ធ ជា​លោកនាយក កម្រ​បុគ្គល​បាន​ដោយ​ងាយ ដូចជា​ផ្កា​ឧទុម្ពរ ឬដូច​ជា​រូប​នៃ​សត្វទន្សាយ​ក្នុង​ដួង​ព្រះចន្ទ្រ ឬក៏​ដូចជា​ទឹកដោះ​នៃ​សត្វ​ក្អែក។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637643742720037300
ទៅកាន់ទំព័រ៖