ព្រះត្រៃបិដក ភាគ ៧៥

ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​កើតឡើង​ក្នុង​លោក និង​ភាពជា​មនុស្ស ទាំងពីរ​នេះ កម្រ​បុគ្គល​បាន​ដោយ​ងាយ កាលបើ​ហេតុ​ទាំងពីរ​នេះ​មាន​ហើយ ការ​ស្គាល់​ធម៌ ក៏​កម្រ​បុគ្គល​បាន​ងាយ​ដែរ។ ព្រះសម្មាសម្ពុទ្ធ បាន​កើត​ហើយ​ក្នុង​លោក ពួក​យើង​ឈ្មោះថា​បាន​នូវ​ចក្ខុ សេចក្តី​ចំរើន នឹង​មានដល់​យើង អ្នក​ទាំងឡាយ​ចូរ​មក​ចុះ យើង​ទាំងអស់ នឹង​នាំគ្នា​ទៅកាន់​សំណាក់​ព្រះសម្មាសម្ពុទ្ធ។ កាលនោះ ពួក​តាបស​ទាំងអស់ ទ្រទ្រង់នូវ​កុណ្ឌី​ទឹក ស្លៀកពាក់​ស្បែក​ខ្លា​ទាំង​ក្រចក តាបស​ទាំងនោះ ទ្រទ្រង់នូវ​ភារៈ​គឺ​ផ្នួងសក់ បាន​ចេញទៅ​អំពី​ព្រៃ។ តាបស​ទាំងនោះ ជា​អ្នក​ស្វែងរក​នូវ​ប្រយោជន៍​ដ៏​ឧត្តម ក្រឡេក​មើល​មួយ​ជួរ​នឹម​ដើរមក ឥតមាន​សេចក្តី​តក់ស្លុត បីដូច​ជា​កូន​នៃ​ដំរី ឬដូច​ជា​កេសរ​រាជសីហ៍ ឥតមាន​សេចក្តី​តក់ស្លុត​ឡើយ។ តាបស​ទាំងអស់​នោះ ជា​អ្នក​មិន​តក់ស្លុត មិន​ឡេះឡោះ មាន​ប្រាជ្ញា​ឆ្អិនឆ្អៅ ជា​អ្នក​ប្រព្រឹត្ត​រម្យទម តាបស​ទាំងអស់​នោះ កាល​ត្រាច់​រក​ផលាផល បាន​ចូល​ទៅ​គាល់​ព្រះពុទ្ធ​ដ៏​ប្រសើរ។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637643742915974737
ទៅកាន់ទំព័រ៖