ព្រះត្រៃបិដក ភាគ ៧៥
គ្រានោះ ខ្ញុំបានសរសើរនូវព្រះសព្វញ្ញូ មានយសធំដោយព្រះគាថាទាំងឡាយ ៦ ហើយឈរផ្គងនូវអញ្ជលីនៅស្ងៀម។ ជនទាំងឡាយតែងហៅនូវព្រះមានព្រះភាគអង្គណា ដែលមានព្រះបញ្ញាដូចផែនដី ទ្រង់ទំលាយបង់នូវកិលេស ថាសុមេធៈ ព្រះមានព្រះភាគអង្គនោះ ទ្រង់គង់នៅក្នុងកណ្តាលភិក្ខុសង្ឃ ហើយត្រាស់នូវព្រះគាថាទាំងឡាយនេះថា
បុគ្គលណា បានសរសើរញាណរបស់តថាគត ដោយចិត្តជ្រះថ្លា តថាគត នឹងសរសើរនូវបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់ពាក្យតថាគតសម្តែងចុះ។ បុគ្គលនោះ នឹងត្រេកអរក្នុងទេវលោក អស់ ៧៧ កប្ប នឹងបានជាធំជាងទេវតា សោយរាជ្យជាស្តេចនៃទេវតា អស់មួយពាន់ដង។ នឹងបានជាស្តេចចក្រពត្តិ ច្រើនរយជាតិ នឹងបានគ្រប់គ្រងប្រទេសរាជ្យដ៏ធំទូលាយ នឹងគណនារាប់មិនបាន។ បើកើតជាទេវតា ឬជាមនុស្ស នឹងជាអ្នកប្រកបដោយបុញ្ញកម្ម មានសេចក្តីត្រិះរិះមិនឱនថយ ទាំងមានប្រាជ្ញាមោះមុត។
ID: 637643745080349629
ទៅកាន់ទំព័រ៖