ព្រះត្រៃបិដក ភាគ ៧៥
ចន្ទនមាលិយត្ថេរាបទាន ទី៥
[៧៥] ខ្ញុំលះបង់នូវកាមគុណទាំង ៥ ដែលមានសភាពជាទីស្រឡាញ់ ជាទីរីករាយនៃចិត្ត លះបង់នូវសម្បត្តិ ៨០ កោដិ ហើយចូលទៅកាន់ផ្នួស។ លុះខ្ញុំបួសហើយ បានវៀរនូវបាបកម្មដោយកាយ លះបង់នូវវចីទុច្ចរិត ហើយនៅជិតច្រាំងស្ទឹង។ ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ សេ្តចបានចូលមករកខ្ញុំ ដែលកំពុងនៅតែម្នាក់ឯង ខ្ញុំក៏មិនស្គាល់ព្រះអង្គថាជាព្រះពុទ្ធទេ តែខ្ញុំបានធ្វើបដិសន្ថារៈ។ លុះខ្ញុំធ្វើបដិសន្ថារៈហើយ បានសួរនូវនាម និងគោត្រថា អ្នកជាទេវតា ឬជាគន្ធព្វ ឬមួយអ្នកជាព្រះឥន្ទ្រ ធ្លាប់ឲ្យទានក្នុងកាលមុន អ្នកជាអ្វី អ្នកជាបុត្ររបស់បុគ្គលណា ឬអ្នកជាមហាព្រហ្ម មកក្នុងទីនេះ បានញុំាងទិសទាំងពួងឲ្យភ្លឺច្រាល ដូចព្រះអាទិត្យកំពុងរះ។ ម្នាលអ្នកនិរទុក្ខ ចក្រទាំងឡាយ មានកាំមួយពាន់ ប្រាកដក្នុងបាទា (នៃអ្នក) អ្នកជាអ្វី អ្នកជាបុត្ររបស់បុគ្គលណា ដូចម្តេចហ្ន៎ យើងនឹងស្គាល់អ្នក។
ID: 637643745870349785
ទៅកាន់ទំព័រ៖