ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះចន្ទនមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ចន្ទនមាលិយត្ថេរាបទាន។
ធាតុបូជកត្ថេរាបទាន ទី៦
[៧៦] កាលព្រះលោកនាថ ព្រះនាមសិទ្ធត្ថៈ ជាលោកនាយក ស្តេចបរិនិព្វានហើយ ខ្ញុំបានប្រជុំពួកញាតិរបស់ខ្ញុំ ហើយធ្វើនូវការបូជាព្រះធាតុ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះធាតុ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាព្រះធាតុ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។
ID: 637643747332712218
ទៅកាន់ទំព័រ៖