ព្រះត្រៃបិដក ភាគ ៧៥
មួយទៀត ព្រះពុទ្ធទាំងនោះ ទ្រង់មិនតក់ស្លុត បីដូចជាកេសររាជសីហ៍ ជាស្តេចនៃម្រឹគ ព្រះពុទ្ធទាំងឡាយ ទ្រង់មិនលើកតំកើងព្រះអង្គឯងផង ទាំងមិនបន្តុះបង្អាប់ពួកសត្វផង។ ព្រះពុទ្ធទាំងឡាយ ទ្រង់ផុតស្រឡះចាកមានះ និងអតិមានះ ទ្រង់មានព្រះហឫទ័យស្មើចំពោះសត្វទាំងពួង ទ្រង់មិនលើកតំកើងព្រះអង្គឯង នេះជាធម្មតានៃព្រះសម្ពុទ្ធទាំងឡាយ។ មួយវិញទៀត ព្រះសម្ពុទ្ធទាំងឡាយនោះ កាលកើតឡើង ទ្រង់សម្តែងនូវពន្លឺ ទ្រង់ប្រកាសនូវផែនដីទាំងអស់នេះ មានប្រការ ៦។ ក្នុងកាលនោះ ព្រះសម្ពុទ្ធទាំងឡាយនុ៎ះ ទ្រង់ទតឃើញនូវនរក នរកតែងរលត់ទៅវិញ មហាមេឃបង្អុរភ្លៀងចុះមក នេះជាធម្មតានៃព្រះពុទ្ធទាំងឡាយ។ ព្រះតថាគតទាំងនោះ ជាមហានាគប្រាកដដូច្នោះ ព្រះតថាគតទាំងនោះ ទ្រង់មានយសធំ គេមិនអាចថ្លឹងគុណបាន ព្រះតថាគតទាំងឡាយ ទ្រង់មិនប្រព្រឹត្តកន្លងចាកគុណ មានព្រះគុណ គឺបុគ្គលមិនគប្បីរាប់បាន។
ID: 637643748496599981
ទៅកាន់ទំព័រ៖