ព្រះត្រៃបិដក ភាគ ៧៥
ពូជសូម្បីមានប្រមាណតិច ដែលបុគ្គលព្រោះហើយក្នុងស្រែដ៏ល្អ កាលភ្លៀងញុំាងធារទឹកឲ្យធ្លាក់ចុះដោយល្អ ផលរមែងញុំាងអ្នកស្រែឲ្យត្រេកអរបាន ដូចម្តេចមិញ។ ពុទ្ធខេត្រនេះ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងហើយ រមែងញុំាងធារគឺផល ឲ្យធ្លាក់ចុះដោយប្រពៃ ផលនឹងញុំាងខ្ញុំឲ្យត្រេកអរបាន ក៏យ៉ាងនោះដែរ។ ខ្ញុំជាអ្នកមានចិត្តបញ្ជូនទៅកាន់សេចក្តីព្យាយាម ហើយជាអ្នកស្ងប់រម្ងាប់ មិនមានឧបធិក្កិលេស បានកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំធ្វើកុសលកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការចម្លងព្រះសម្ពុទ្ធ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643750392225342
ទៅកាន់ទំព័រ៖