ព្រះត្រៃបិដក ភាគ ៧៥
សុមេធតាបសនេះ តំកល់ទុកនូវសេចក្តីព្យាយាមហើយ ធ្វើនូវទុក្ករកិរិយា នឹងបានត្រាស់ដឹងជាព្រះសម្ពុទ្ធ មានយសធំ ក្រោមម្លប់នៃអស្សត្ថព្រឹក្ស។ ភិក្ខុឈ្មោះឧបតិស្សៈ ១ ឈ្មោះកោលិតៈ ១ នឹងបានជាសាវ័កដ៏ប្រសើរ ភិក្ខុជាអ្នកឧបដ្ឋាកមាននាមថា អាន្ទន នឹងបម្រើនូវព្រះជិនស្រីអង្គនេះ។ ភិក្ខុនីឈ្មោះខេមា ១ ឈ្មោះឧប្បលវណ្ណា ១ នឹងបានជាសាវិកាដ៏ប្រសើរ គហបតីឈ្មោះចិត្តៈ ១ ឈ្មោះអាឡវកៈ ១ នឹងបានជាឧបាសកដ៏ប្រសើរ។ នាងខុជ្ជុត្តរា ១ នាងនន្ទមាតា ១ នឹងបានជាឧបាសិកាដ៏ប្រសើរ ដើមឈើសម្រាប់ត្រាស់ដឹងនៃអ្នកប្រាជ្ញអង្គនេះ គេហៅថា អស្សត្ថព្រឹក្ស។
ពួកមនុស្ស និងទេវតា បានឮព្រះពុទ្ធដីកានេះ នៃព្រះពុទ្ធជាបុគ្គលស្វែងរកនូវគុណដ៏ធំ ឥតមានបុគ្គលណាសើ្ម ក៏មានចិត្តរីករាយ នាំគ្នាធ្វើអញ្ជលីនមស្ការ។ បពិត្រព្រះមហាមុនី កាលនោះ ខ្ញុំជាមាណព ឈ្មោះមេឃៈ អ្នកសិក្សាប្រពៃ បានឮពាក្យព្យាករណ៍ដ៏ប្រសើរនៃសុមេធតាបស។
ID: 637643750914880874
ទៅកាន់ទំព័រ៖