ព្រះត្រៃបិដក ភាគ ៧៥
ឥឡូវនេះ ខ្ញុំនោះបានដល់អមតបទ គឺព្រះនិព្វាន ជាគុណជាតស្ងប់ប្រសើរ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញអស់ហើយ ភពទាំងពួង ខ្ញុំបានគាស់រំលើងចោលអស់ហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះតិណសូលកឆាទនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តិណសូលកឆាទនិយត្ថេរាបទាន។
ID: 637643675132575798
ទៅកាន់ទំព័រ៖