ព្រះត្រៃបិដក ភាគ ៧៥

កាល​បុគ្គល​នោះ ប្រកបដោយ​បុញ្ញកម្ម​ហើយ នៅក្នុង​ទេវលោក បរិសទ្យ​ទំាង​ប៉ុន្មាន​របស់​បុគ្គល​នោះ សឹង​ដេរដាស​ដូចជា​ផ្ការាំង។ បុគ្គល​ប្រកបដោយ​បុញ្ញកម្ម​នោះ នឹង​ត្រេកត្រអាល​ដោយ​ពួក​របាំ ពួក​ចំរៀង ពួក​ដេញ​ដំ​ប្រគំ​ដ៏​ជា​ទិព្វ​ក្នុង​ទេវ​លោ​កសព្វៗកាល។ បរិសទ្យ​ទាំងប៉ុន្មាន របស់​បុគ្គល​នោះ សឹង​មាន​ក្លិនក្រអូប ទាំង​មាន​ភ្លៀង​ជា​វិការៈ​នៃ​ផ្ការាំង នឹង​ធ្លាក់ចុះ​ក្នុងខណៈនោះ​ឯង។ លុះ​បុគ្គល​នេះ​ច្យុត​អំពី​ទេវលោក​នោះ មក​កើតជា​មនុស្ស នឹង​មកកាន់​ត្រកូល​មនុស្ស មណ្ឌប​ប្រក់​ដោយ​ផ្ការាំង ក្នុង​មនុស្សលោក​នេះ នឹង​ទ្រទ្រង់ (នូវ​បុគ្គល​នេះ) សព្វៗកាល។ របាំ​ក្តី ចំរៀង​ក្តី គ្រឿង​ដេញ​ដំ​ប្រគំ​ក្តី នឹង​ចោមរោម​នូវ​បុគ្គល​នេះ អស់​កាល​ជានិច្ច ក្នុង​មនុស្សលោក​នេះ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ មួយទៀត កាល​ព្រះអាទិត្យ​រះ​ឡើង ភ្លៀង​ជា​វិការៈ​នៃ​ផ្ការាំង​នឹង​ធ្លាក់ចុះ​មក ឯភ្លៀង​ជា​វិការៈ​នៃ​ផ្ការាំង​ដ៏​ប្រកបដោយ​បុញ្ញកម្ម នឹង​ធ្លាក់ចុះ​មក​សព្វៗកាល។
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637643752668318503
ទៅកាន់ទំព័រ៖