ព្រះត្រៃបិដក ភាគ ៧៥
នេះរាងកាយជាទីបំផុត ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ មណ្ឌបប្រក់ដោយផ្ការាំង តែងមានសព្វៗកាល ក្នុងមនុស្សលោកនេះ។ ខ្ញុំបានញុំាងព្រះមហាមុនី ព្រះនាមគោតម ព្រះអង្គប្រសើរក្នុងពួកសក្យៈ ឲ្យត្រេកអរហើយ បានដល់នូវអចលដ្ឋាន គឺព្រះនិព្វាន ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់អស់ហើយ។ ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំបានបូជានូវព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំធ្វើឲ្យជាក់ច្បាស់បានហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
ID: 637643753229724823
ទៅកាន់ទំព័រ៖