ព្រះត្រៃបិដក ភាគ ៧៥
ហើយឃើញព្រះសម្ពុទ្ធក្នុងព្រៃនោះ ព្រះអង្គមានឱឃៈឆ្លងហើយ មិនមានអាសវៈ។ គ្រានោះ ខ្ញុំកាន់អំបោស បោសអាស្រម ហើយលើកឈើ ៤ កំណាត់ បញ្ឈរធ្វើជាបារាំ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកផ្កាឈើប្រក់បារាំ ហើយថ្វាយបង្គំព្រះលោកនាយក។ ពួកជនតែងហៅនូវព្រះសម្ពុទ្ធអង្គណា ដែលទ្រង់មានបញ្ញាដូចផែនដី មានបញ្ញាល្អថាសុមេធៈ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់គង់ក្នុងពួកភិក្ខុ ហើយបានសម្តែងគាថា ដូចខាងក្រោមនេះ។ ពួកទេវតាទាំងអស់ បានដឹងព្រះពុទ្ធដីការបស់ព្រះពុទ្ធហើយ ក៏មកជួបជុំ ប្រាប់គ្នាថា ព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គមានចក្ខុ នឹងសម្តែងធម៌ដោយឥតសង្ស័យ។ ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ ព្រះអង្គគួរទទួលនូវគ្រឿងបូជា ទ្រង់គង់ក្នុងកណ្តាលពួកទេវតា ហើយត្រាស់គាថាទាំងនេះថា
បុគ្គលណា បាំងបារាំដែលប្រក់ដោយផ្កាឈើ ថ្វាយតថាគត អស់ ៧ ថ្ងៃ តថាគត នឹងសម្តែងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរចាំស្តាប់តថាគតសម្តែងចុះ។
ID: 637643670909450753
ទៅកាន់ទំព័រ៖