ព្រះត្រៃបិដក ភាគ ៧៥
កឹសុកបុប្ផិយត្ថេរាបទាន ទី៤
[៨៤] ខ្ញុំបានឃើញផ្កាចារីកហើយ (បេះផ្កានោះ) រួចផ្គងអញ្ជលី ប្រណម្យឡើង នឹកដល់ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ហើយបានបូជាបោះផ្កានោះទៅឰដ៏អាកាស។ ដោយអំពើដែលខ្ញុំបានធ្វើដោយល្អនោះផង ដោយចេតនាដែលខ្ញុំបានតំកល់ទុកហើយនោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សទៅ ក៏បានទៅកើតឯឋានតាវត្តិង្ស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643775546131618
ទៅកាន់ទំព័រ៖