ព្រះត្រៃបិដក ភាគ ៧៥
និងមហាសមុទ្រទាំង ៤ ប្រែទៅជាទឹកដោះថ្លាសម្រាប់ខ្ញុំ។ ផែនដីនេះជាវត្ថុដ៏ធំ មានប្រមាណមិនបាន រាប់មិនបាន។ ផែនដីនោះទៅជាស្ករក្រោម មានរសផ្អែមឆ្ងាញ់ ព្រោះដឹងនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ដើមឈើទាំងឡាយនេះ ដុះលើផែនដី ឋិតនៅក្នុងទិសទាំង ៤ ដើមឈើទាំងនោះ កើតទៅជាដើមកល្បព្រឹក្ស ព្រោះដឹងនូវសេចក្តីត្រិះរិះរបស់ខ្ញុំ។ ខ្ញុំជាធំជាងទេវតា បានសោយរាជ្យជាស្តេចនៃទេវតា អស់ ៥០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៥១ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទឹកដោះថ្លា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។
ID: 637643776643947274
ទៅកាន់ទំព័រ៖