ព្រះត្រៃបិដក ភាគ ៧៥
នេះរាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ចំណែកខាងបាយ និងទឹក រមែងបង្អុរចុះមកដើម្បីខ្ញុំ ក្នុងទីនេះសព្វៗពេល។ ខ្ញុំអន្ទោលទៅក្នុងភព កំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ ដោយការឲ្យនូវសាច់មានរសឆ្ងាញ់នោះឯង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យនូវសាច់មានរសឆ្ងាញ់នោះឯង។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាល់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។
ID: 637643675696013253
ទៅកាន់ទំព័រ៖