ព្រះត្រៃបិដក ភាគ ៧៥
បុឡិនថូបិយត្ថេរាបទាន ទី៨
[៨៨] ក្នុងទីជិតនៃព្រៃហេមពាន្ត មានភ្នំមួយឈ្មោះយមកៈ អាស្រមខ្ញុំបានធ្វើហើយ បណ្ណសាលា ក៏ខ្ញុំបានសាងល្អហើយ ក្បែរជើងភ្នំនោះ។ ខ្ញុំជាជដិល ឈ្មោះនារទៈ ជាអ្នកមានព្យាយាមខ្ពង់ខ្ពស់ សិស្ស ១៤.០០០ តែងបម្រើខ្ញុំសព្វវេលា។ ខ្ញុំជាអ្នកចូលចិត្តសេចក្តីស្ងប់ស្ងាត់ មានចិត្តស្ងប់រម្ងាប់ ក្នុងកាលនោះ ខ្ញុំគិតយ៉ាងនេះថា មហាជនតែងបូជាអាត្មាអញៗ មិនបានបូជាអ្នកណាមួយ។ ជនអ្នកឲ្យឱវាទដល់អាត្មាអញមិនមាន ជនអ្នកស្តីថាណាម្នាក់ ក៏មិនមាន អាត្មាអញមិនមានអាចារ្យ និងឧបជ្ឈាយ៍ អាត្មាអញសម្រេចការនៅក្នុងព្រៃ។ អាត្មាអញចូលទៅបម្រើបុគ្គលណាដែលមានចិត្តធ្ងន់ បុគ្គលនោះ ជាអាចារ្យរបស់អាត្មាអញមិនមាន ការនៅក្នុងព្រៃ ឈ្មោះថាឥតប្រយោជន៍។ អាត្មាអញគប្បីស្វែងរកគ្រូដែលគួរបូជា និងគ្រូដែលគួរសរសើរ អាត្មាអញ នឹងនៅជាមួយបុគ្គលគួរជាទីពឹងអាស្រ័យបាននោះ ទើបបុគ្គលណាមួយ នឹងមិនតិះដៀលអាត្មាអញឡើយ។
ID: 637643777505666013
ទៅកាន់ទំព័រ៖