ព្រះត្រៃបិដក ភាគ ៧៥
សឹ្ទងមានច្រាំងរាក់ មានកំពង់ល្អ ជាទីរីករាយនៃចិត្ត ដេរដាសដោយផ្នូកខ្សាច់សសុទ្ធ តាំងនៅជិតអាស្រមរបស់ខ្ញុំ។ កាលនោះ ខ្ញុំបានដើរចូលទៅរកស្ទឹងឈ្មោះអមរិកៈ ហើយប្រមូលយកផ្នូកខ្សាច់ មកធ្វើជាបុឡិនចេតិយ (ចេតិយខ្សាច់)។ ព្រះសម្ពុទ្ធទាំងឡាយអង្គណា ទ្រង់ធ្វើនូវទីបំផុតនៃភព ជាអ្នកប្រាជ្ញ ព្រះស្តូបនៃព្រះសម្ពុទ្ធទាំងឡាយនោះ ក៏ប្រាកដដូច្នោះ ខ្ញុំធ្វើនូវព្រះស្តូបនោះឲ្យជានិមិត្ត។ លុះខ្ញុំធ្វើរួចហើយ ខ្ញុំបានសាងនូវព្រះស្តូប ជាវិការៈនៃមាសលើផ្នូកខ្សាច់ ខ្ញុំបានបូជានូវផ្កាកណ្តឹងមាស អស់ ៣ ពាន់។ ខ្ញុំមានបីតិកើតហើយ ធ្វើនូវអញ្ជលីនមស្ការ រាល់ល្ងាចព្រឹក ថ្វាយបង្គំចេតិយផ្នូកខ្សាច់ ហាក់ដូចជាថ្វាយបង្គំនូវព្រះសម្ពុទ្ធ ក្នុងទីចំពោះព្រះភក្រ្ត។ កាលណាកិលេសទាំងឡាយកើតឡើង វិតក្កៈទាំងឡាយដែលអាស្រ័យនូវផ្ទះ គឺកាមគុណ (កើតឡើង ក្នុងកាលនោះ) ខ្ញុំរលឹកដល់ព្រះស្តូបដែលខ្ញុំធ្វើល្អហើយ ខ្ញុំពិចារណាឃើញច្បាស់ ក្នុងខណៈនោះឯង។
ID: 637643777746759739
ទៅកាន់ទំព័រ៖