ព្រះត្រៃបិដក ភាគ ៧៥

កាល​ខ្ញុំ​នៅជា​ទារក បានសម្រេច​កិច្ច​ហើយ សោឡស​កិច្ច​ក្នុង​សាសនា​នៃ​ព្រះ​សក្យ​បុត្ត ខ្ញុំ​ធ្វើរួចហើយ​ក្នុងថ្ងៃនេះ។ បពិត្រ​ព្រះ​មហា​វីរៈ ខ្ញុំ​កន្លង​ពៀរ និង​ភ័យ​ទាំងពួង​ហើយ កន្លង​កិលេស​ជា​គ្រឿង​ចំពាក់​ទាំងពួង​ហើយ ជា​អ្នក​ស្វែងរក​គុណ ជា​សាវ័ក​របស់​ព្រះអង្គ នេះ​ជា​ផល​នៃ​ព្រះ​ស្តូប​មាស។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូច​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
បានឮ​ថា ព្រះ​បុ​ឡិន​ថូ​បិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុ​ឡិន​ថូ​បិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637643778779884719
ទៅកាន់ទំព័រ៖