ព្រះត្រៃបិដក ភាគ ៧៥
នឡកុដិកទាយកត្ថេរាបទាន ទី៩
[៨៩] ក្នុងទីមិនឆ្ងាយអំពីព្រៃហេមពាន្ត មានភ្នំមួយឈ្មោះហារិកៈ កាលនោះ ព្រះសយម្ភូសម្ពុទ្ធ ព្រះនាមនារទៈ គង់នៅទៀបគល់ឈើជិតភ្នំនោះ។ ខ្ញុំបានធ្វើផ្ទះបបុស បិទបាំងដោយស្មៅ ជម្រះទីចង្រ្កមថ្វាយដល់ព្រះសយម្ភូសម្ពុទ្ធ។ ដោយអំពើដែលខ្ញុំធ្វើល្អហើយនោះផង ដោយការតំកល់ចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ ប្រាសាទរបស់ខ្ញុំ ដែលកុសលកម្មធ្វើល្អហើយ ក្នុងឋានតាវត្តិង្សនោះ គឺកុសលកម្មនិមិ្មតធ្វើជាខ្ទមបបុស មានកំពស់ ៦០ យោជន៍ ទទឹង ៣០ យោជន៍។ ខ្ញុំរីករាយក្នុងទេវលោក អស់ ១៤ កប្ប បានសោយរាជ្យក្នុងទេវលោក អស់ ៧១ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៣៤ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់។
ID: 637643779037228621
ទៅកាន់ទំព័រ៖