ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំកំពុងតែជ្រើសរើសផ្កា ក៏បានឃើញផ្កាកណិការ មានក្លិនក្រអូបដូចក្លិនទិព្យ ហើយបាននាំយកផ្កា ៣ ទងទៅបូជាព្រះសម្ពុទ្ធដ៏ប្រសើរ។ ដោយអានុភាពនៃព្រះពុទ្ធ ផ្កាទាំង ៣ ទងរបស់ខ្ញុំ ក្នុងកាលនោះ មានទងឡើងលើ មានត្របកចុះក្រោម ធ្វើជាម្លប់បាំងថ្វាយព្រះសាស្តា។ ដោយអំពើដែលធ្វើល្អនោះផង ដោយការតំកល់ចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវតិ្តង្ស។ វិមានដែលកុសលសាងសំរាប់ខ្ញុំ ក្នុងទីនោះ មានកំពស់ ៦០យោជន៍ ទទឹង ៣០ យោជន៍ ពួកទេវតាតែងស្គាល់ថា កណិការវិមាន។ ប្រាសាទមានកំពង់មួយពាន់សន្ទុះប្រួញ មានជាន់ ៧ បរិបូណ៌ដោយទង ជាវិការៈនៃកែវមណីមានពណ៌ខៀវ ផ្ទះមានកំពូលមួយសែន មានប្រាកដក្នុងវិមានរបស់ខ្ញុំ។ បល្ល័ង្កជាវិការៈនៃមាសក៏មាន ជាវិការៈនៃកែវមណីក៏មាន ជាវិការៈនៃកែវទទឹមក៏មាន ជាវិការៈនៃកែវផលិកក៏មាន គួរតាមប្រាថ្នា គួរតាមបំណង។
ID: 637643780704729251
ទៅកាន់ទំព័រ៖