ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​សោយរាជ្យ​ក្នុង​ឋាន​ទេវលោក អស់ ៥០០ ដង បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៣០០ ដង។ សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​ជាតិ​មិន​អស់ ខ្ញុំ​កាល​អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ តែង​បាន​នូវ​ភោគ​សម្បត្តិ​ច្រើន។ ខ្ញុំ​មិន​មាន​សេចក្តី​ខ្វះខាត ដោយ​ភោគ​សម្បត្តិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា ខ្ញុំ​តែង​អន្ទោល​ទៅ​ក្នុង​ភព​ពីរ គឺ​ទេវតា និង​មនុស្ស។ ខ្ញុំ​មិនដែល​ស្គាល់​គតិ​ដទៃ​ទេ នេះ​ជា​ផល​នៃ​ពុទ្ធបូជា ខ្ញុំ​តែង​កើត​ក្នុង​ត្រកូល ២ គឺ​ត្រកូល​ក្សត្រ និង​ត្រកូល​ព្រាហ្មណ៍។ ខ្ញុំ​មិនកើត​ក្នុង​ត្រកូល​ទាប នេះ​ជា​ផល​នៃ​ពុទ្ធបូជា ខ្ញុំ​តែង​បាន​នូវ​យាន​ទាំងអស់​នេះ គឺ​យាន​ដំរី យាន​សេះ ព្រះ​សា​លៀង រថ​ទ្រង់គ្រឿង នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​តែង​បាន​នូវ​របស់​ទាំងអស់​នេះ គឺ​ខ្ញុំស្រី ខ្ញុំប្រុស នារី​ដែល​មាន​គ្រឿង​តាក់តែង​សមរម្យ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​តែង​បាន​នូវ​សំពត់​ទាំងអស់​នេះ គឺ​សំពត់​កោសេយ្យ​ពស្រ្ត សំពត់​កម្ពល សំ​ពត់​ខោម​ពស្រ្ត និង​សំពត់​កប្បា​សិ​កពស្រ្ត នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637643781200665964
ទៅកាន់ទំព័រ៖