ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​តែង​បាន​នូវ​វត្ថុ​ទាំងអស់​នេះ​គឺ សំពត់​ថ្មី ផ្លែឈើ​ថ្មី ភោជន​មាន​រស​ដ៏​ប្រសើរ​ថ្មី នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​តែង​បាន​នូវ​ពាក្យពីរោះ​ទាំងអស់​នេះ​ថា សូមអ្នក​ពិសា​នូវ​ភោជន​ទាំងនេះ សូម​បរិភោគភោជន​ទាំងនេះ សូម​សម្រាន្ត​លើ​ដំណេក​នេះ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​មាន​គេ​បូជា​ក្នុង​ទី​ទាំងពួង យស (កេរ្តិ៍ឈ្មោះ) របស់ខ្ញុំ​ខ្ចរខ្ចាយ​ទៅ​ក្នុង​ទិស​ទាំងពួង។ ខ្ញុំ​មាន​សក្តិ​ធំ​សព្វកាល មាន​បរិស័ទ​មិន​បែកបាក់​សព្វកាល ខ្ញុំ​ជា​បុរស​ឧត្តម​ជាង​ពួក​ញាតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​មិនដែល​ស្គាល់​ត្រជាក់ និង​ក្តៅ ឯសេចក្តី​ក្តៅក្រហាយ​ក៏​មិន​មាន ទាំង​សេចក្តី​ទុក្ខ​ព្រួយ​ក្នុង​ចិ​ក្ត​ក៏​មិន​មាន ក្នុង​ហឫទ័យ​របស់ខ្ញុំ។ ខ្ញុំ​ជា​អ្នកមាន​សម្បុរ​ដូច​មាស តែង​អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ ខ្ញុំ​មិនដែល​ស្គាល់​ភាព​ពណ៌​អាក្រក់ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​ច្យុត​ចាក​ទេវលោក ត្រូវ​កុសល​មូល​ដាស់តឿន បាន​មក​កើត​ក្នុង​បុរី​សាវត្ថី ក្នុង​ត្រកូល​មហាសាល ជា​ត្រកូល​ស្តុកស្តម្ភ​មាំមួន។
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637643781430509790
ទៅកាន់ទំព័រ៖