ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​កាល​កើត​ក្នុង​ភព តែង​បាន​ថាស​មាស​ផង ថាស​មាស​ក្រឡៃ​ប្រាក់​ផង ចាន​ជា​វិការ​នៃ​កែវមណី​ផង។ ខ្ញុំ​តែង​បរិភោគ​ដោយ​ភាជន៍ នេះ​ជា​ផល​នៃ​បុញ្ញកម្ម ខ្ញុំ​ជា​អ្នក​ប្រសើរ​ដោយ​យស​បរិវារ​ជាង​ជន​ទាំងឡាយ។ ពូជ​សូម្បី​បន្តិចបន្តួច ដែលគេ​សាបព្រោះ​ក្នុង​ស្រែ​ដ៏​ល្អ កាលបើ​មេឃ​បង្អោរ​ធារទឹក​ដោយ​ប្រពៃ ផ្លៃ​ស្រូវ​រមែង​ញុំាង​អ្នកស្រែ​ឲ្យ​ត្រេកអរ​យ៉ាងណាមិញ។ បត្ត​ទាន​នេះ ដែល​ខ្ញុំ​សាបព្រោះ​ក្នុង​ស្រែ​គឺ​ព្រះពុទ្ធ ធារទឹក​គឺ​បីតិ បង្អោរ​ចុះ​មក ផល​រមែង​ធ្វើឲ្យ​ខ្ញុំ​ត្រេកអរ ក៏​យ៉ាងនោះ​ដែរ។ ស្រែ​ទាំងប៉ុន្មាន​ណា គឺ​ព្រះសង្ឃ​ក្តី គណៈ​ក្តី ស្រែ​ទាំងនោះ ស្មើដោយ​ស្រែ​គឺ​ព្រះពុទ្ធ មិន​មាន​ឡើយ ព្រោះ​ស្រែ​គឺ​ព្រះពុទ្ធ អាច​ឲ្យ​សេចក្តី​សុខ​ដល់​សត្វ​ទាំងពួង។ បពិត្រ​បុរស​អាជានេយ្យ ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ បពិត្រ​បុរស​ដ៏​ឧត្តម ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ ខ្ញុំ​បាន​ថ្វាយ​បាត្រ​មួយ ហើយ​បានសម្រេច​ព្រះនិព្វាន ជា​គុណជាត​មិន​កម្រើក។
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637643782251916016
ទៅកាន់ទំព័រ៖