ព្រះត្រៃបិដក ភាគ ៧៥

កា​សុ​មា​រិក​ផល​ទាយ​កត្ថេ​រាប​ទាន ទី៣


 [៩៣] ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ទ្រង់​ប្រាសចាក​ធូលី ជា​ច្បង​ក្នុង​លោក ប្រសើរ​ជាង​នរៈ រុងរឿង​ដូច​ផ្កា​កណិការ ទ្រង់​គង់នៅ​ក្នុង​ចន្លោះភ្នំ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ធ្វើ​នូវ​អញ្ជលី​លើ​ក្បាល បាន​យក​ផ្លែ​ស្លា​ទុំ​ទៅ​ថ្វាយព្រះ​ពុទ្ធ​ដ៏​ប្រសើរ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ​ស្លា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637643782819259727
ទៅកាន់ទំព័រ៖