ព្រះត្រៃបិដក ភាគ ៧៥
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអជ្ជុនបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អជ្ជុនបុប្ផិយត្ថេរាបទាន។
កុដជបុប្ផិយត្ថេរាបទាន ទី៧
[១០៧] ក្នុងទីជិតនៃព្រៃហេមពាន្ត មានភ្នំមួយឈ្មោះអច្ចលៈ ព្រះសម្ពុទ្ធព្រះនាមសុទស្សនៈ គង់នៅក្នុងចន្លោះភ្នំនោះ។ ខ្ញុំបានយកផ្កាអំពីព្រៃហេមពាន្ត ហើយទៅកាន់អាកាស បានឃើញព្រះសម្ពុទ្ធទ្រង់ឆ្លងឱឃៈ មិនមានអាសវៈ ក្នុងទីនោះ។
ID: 637643788650995297
ទៅកាន់ទំព័រ៖