ព្រះត្រៃបិដក ភាគ ៧៥
កាលខ្ញុំច្យុតចាកទេវលោក មកកើតក្នុងផ្ទៃមាតា សូម្បីកាលខ្ញុំនៅក្នុងផ្ទៃមាតា ភ្នែករបស់ខ្ញុំឥតខូចខាតឡើយ។ ខ្ញុំមានអាយុ ៤ ឆ្នាំ បានចូលទៅកាន់ផ្នួស មិនទាន់បានកន្លះខែ ខ្ញុំក៏បានសម្រេចអរហត្ត។ ខ្ញុំបានជំរះទិព្វចក្ខុ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ កិលេសទាំងអស់ ខ្ញុំបានផ្តាច់ផ្តិលហើយ នេះជាផលនៃប្រទីបមួយ។ ខ្ញុំមើលឃើញទៅខាងក្រៅជញ្ជាំង ទាំងខាងក្រៅភ្នំ កន្លងភ្នំទាំងអស់ នេះជាផលនៃប្រទីបមួយ។ ប្រទេសទាំងឡាយ ដែលមិនរាបសើ្ម ត្រឡប់ទៅជារាបសើ្ម សម្រាប់ខ្ញុំ ខ្ញុំមិនមានងងឹត ខ្ញុំមិនដែលឃើញងងឹតអ័ព្ទឡើយ នេះជាផលនៃប្រទីបមួយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយប្រទីបក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃប្រទីបមួយ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។
ID: 637643676821169460
ទៅកាន់ទំព័រ៖