ព្រះត្រៃបិដក ភាគ ៧៥
ឃោសសញ្ញកត្ថេរាបទាន ទី៨
[១០៨] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី មានពួកទេវតាចោមរោមហើយ កំពុងប្រកាសនូវសច្ច ៤ សម្តែងនូវអមតបទ។ ខ្ញុំបានស្តាប់ធម៌ដ៏ពីរោះរបស់ព្រះពុទ្ធ ព្រះនាមសិខី ជាផៅពង្សនៃសត្វលោក។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាក្នុងឃោសសព្ទរបស់ព្រះសិខីសម្ពុទ្ធ ដែលរកបុគ្គលប្រៀបស្មើមិនមាន ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះអង្គ ហើយបានឆ្លងនូវភព ដែលសត្វហែលឆ្លងបានដោយកម្រ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃឃោសសញ្ញា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643789203495772
ទៅកាន់ទំព័រ៖