ព្រះត្រៃបិដក ភាគ ៧៥

ទ្វិ​បទាំង ៤ ព្រមទាំង​សមុទ្រ និង​ភ្នំ​មាន​ត្រឹមណា ខ្ញុំ​សោយ​ឥស្សរភាព​កំណត់​ត្រឹមនោះ ព្រោះ​ថ្វាយ​នូវ​ផ្លែឈើ ចំពោះ​ព្រះពុទ្ធ។ ពួក​បក្សី​ទាំងប៉ុន្មាន​ណា ហើរ​ក្នុង​អាកាស បក្សី​ទាំងនោះ តែង​លុះ​ក្នុង​អំណាច​របស់ខ្ញុំ នេះ​ជា​ផល​នៃ​ផល​ទាន។ ពួក​យក្ស​ក្តី ភូត​ក្តី អារក្ស​ក្តី កុម្ភណ្ឌ​ក្តី គ្រុឌ​ក្តី ទាំងប៉ុន្មាន ដែល​នៅក្នុង​ដងព្រៃ តែង​មក​បម្រើ​ខ្ញុំ។ ពួក​អណ្តើក ឆ្កែ ឃ្មុំ របោម មូស សត្វ​ទាំងពីរ​ពួក​នេះ តែង​លុះ​ក្នុង​អំណាច​របស់ខ្ញុំ នេះ​ជា​ផល​នៃ​ផល​ទាន។ ពួក​សត្វស្លាប​ឈ្មោះ​សុ​បណ្ណៈ ជា​បក្សី​មាន​កម្លាំង​ច្រើន សត្វ​ទាំងនោះ តែង​យក​ខ្ញុំ​ជាទី​ពឹង នេះ​ជា​ផល​នៃ​ផល​ទាន។ ពួក​នាគ​ណា មាន​អាយុវែង មាន​ឫទ្ធិ មានយស​ធំ នាគ​ទាំងនោះ​ឯង តែង​លុះ​ក្នុង​អំណាច​របស់ខ្ញុំ នេះ​ជា​ផល​នៃ​ផល​ទាន។ ពួក​សត្វ​សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កៃ​ស្រុក ឆ្កែព្រៃ សត្វ​ទាំងនោះ​ឯង តែង​លុះ​ក្នុង​អំណាច​របស់ខ្ញុំ នេះ​ជា​ផល​នៃ​ផល​ទាន។
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 637643789972557768
ទៅកាន់ទំព័រ៖