ព្រះត្រៃបិដក ភាគ ៧៥
ពួកទេវតាណា ដែលឋិតនៅលើដើមឈើ និងស្មៅក្តី ឋិតនៅឰដ៏អាកាសក្តី ទេវតាទាំងអស់នោះឯង តែងយកខ្ញុំជាទីពឹង នេះជាផលនៃផលទាន។ ខ្ញុំបានសម្រេចធម៌ ដែលគេឃើញបានដោយកម្រ ជាធម៌ល្អិតជ្រាលជ្រៅ ដែលព្រះពុទ្ធទ្រង់ប្រកាសល្អហើយ នេះជាផលនៃផលទាន។ ខ្ញុំបានវិមោក្ខ ៨ ជាអ្នកមិនមានអាសវៈ មានព្យាយាមដុតកំដៅកិលេល មានប្រាជ្ញាចាស់ នេះជាផលនៃផលទាន។ ពួកពុទ្ធបុត្តណា ដែលឋិតនៅក្នុងផល អស់ទោសៈហើយ មានយសច្រើន បណ្តាពុទ្ធបុត្តទាំងនោះ ខ្ញុំក៏ជាពុទ្ធបុត្តមួយដែរ នេះជាផលនៃផលទាន។ ខ្ញុំបានសម្រេចអភិញ្ញាបារមី ត្រូវកុសលមូលដាស់តឿនហើយ ក៏បានកំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ។ ពុទ្ធបុត្តណា មានវិជ្ជា ៣ សម្រេចនូវឫទ្ធិ មានយសច្រើន សម្រេចនូវទិព្វស្រោត បណ្តាពុទ្ធបុត្តទាំងនោះ ខ្ញុំក៏ជាពុទ្ធបុត្តមួយដែរ។
ID: 637643790183339764
ទៅកាន់ទំព័រ៖