ព្រះត្រៃបិដក ភាគ ៧៥
ប្រាសាទដ៏ល្អ ដែលបុញ្ញកម្មនិម្មិតហើយ ក្នុងទេវលោកនោះ មានកំពស់មួយពាន់សន្ទុះព្រួញ មានជាន់ ៧ បរិបូណ៌ដោយទង់ បិទបាំងដោយកែវមណីខៀវ។ ពន្លឺរបស់ប្រាសាទនោះ តែងផ្សាយចេញ ដូចព្រះអាទិត្យដែលរះឡើង ប្រាសាទនោះកុះករដោយទេវកញ្ញា ខ្ញុំពេញចិត្តរីករាយក្នុងកាម។ ខ្ញុំច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន បានមកកាន់អត្តភាពជាមនុស្ស ក៏បានដល់នូវការអស់ទៅនៃអាសវៈ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកម្រាលអង្គុយ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្មៅមួយក្តាប់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643791583964412
ទៅកាន់ទំព័រ៖