ព្រះត្រៃបិដក ភាគ ៧៥
គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺរោគទាំងឡាយ មិនដែលកើតក្នុងកាយរបស់ខ្ញុំឡើយ នេះជាផលក្នុងការយកស្លឹកពោធិទៅចោល។ គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺអន្តរាយជាគ្រឿងបៀតបៀន ដែលកើតអំពីចិត្ត មិនដែលមានឡើយ នេះជាផលក្នុងការយកស្លឹកពោធិទៅចោល។ គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺពួកសត្រូវមិនដែលមានដល់ខ្ញុំនោះ នេះជាផលក្នុងការយកស្លឹកពោធិទៅចោល។ គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺភោគៈមិនដែលខ្វះខាតឡើយ នេះជាផលក្នុងការយកស្លឹកពោធិទៅចោល។ គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺភ័យអំពីភ្លើង និងស្តេច អំពីចោរ និងទឹក មិនដែលមានឡើយ។ មានគុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺពួកខ្ញុំស្រីខ្ញុំប្រុស ជាអ្នកប្រព្រឹត្តតាម ជាអ្នកលុះអំណាចចិត្តរបស់ខ្ញុំ។ បុគ្គលកើតក្នុងភពជារបស់មនុស្ស មានកំណត់អាយុត្រឹមណា អាយុរបស់ខ្ញុំមិនថយចុះអំពីកំណត់ត្រឹមនោះ តែងឋិតនៅដរាបដល់អស់អាយុ។
ID: 637643795090370373
ទៅកាន់ទំព័រ៖