ព្រះត្រៃបិដក ភាគ ៧៥

ព្រះអង្គ​មាន​សីល​ដូច​ផែនដី មាន​សមាធិ​ដូច​ភ្នំ​ហិមពាន្ត មាន​បញ្ញា​ដូច​អាកាស មិន​ជាប់​ចំពាក់​ដូច​ខ្យល់។ ព្រះអង្គ​មានគុណ​មិន​ខ្វះខាត មានធម៌​ជា​គ្រឿង​អប់រំ ទ្រង់​ក្លៀវក្លា​ក្នុង​ពួក​បរិស័ទ ទ្រង់​ស្រង់​ឡើង​នូវ​មហាជន ហើយ​ប្រកាស​នូវ​សច្ចធម៌។ កាលនោះ ខ្ញុំ​កើតជា​សេដ្ឋីបុត្ត​ក្នុង​ក្រុង​ពារាណសី មានយស​ធំ ជា​អ្នក​ប្រសើរ​ដោយ​ទ្រព្យ និង​ស្រូវ​ច្រើនក្រៃ​លែង។ ខ្ញុំ​កាល​ត្រាច់​ទៅកាន់​ទី​សម្រាក​ស្មង ក៏​ចូល​ទៅ​ក្នុង​ព្រៃ​មិគ​ទាយ៍ បានឃើញ​ព្រះ​សាស្តា​ជាទី​ពឹង កំពុង​សម្តែង​អមតបទ មាន​ព្រះពុទ្ធដីកា​ជ្រះស្រឡះ មាន​សំឡេង​ស្មើដោយ​សត្វ​ករវិក មាន​សន្ធឹក​គឹកកង​ដូច​សត្វ​ហង្ស ឬដូច​ស្គរ ទ្រង់​ញុំាង​មហាជន​ឲ្យដឹង​ច្បាស់។ លុះ​ខ្ញុំ​ឃើញ​ព្រះសម្ពុទ្ធ​នោះ​ជា​ទេវតា ដ៏​ក្រៃលែង​ជាង​ទេវតា ទាំង​បាន​ស្តាប់​សំឡេង​ដ៏​ពីរោះ ទើប​លះ​ភោគៈ​ដ៏​ច្រើន ហើយ​ចូល​ទៅកាន់​ផ្នួស។
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 637643796414432908
ទៅកាន់ទំព័រ៖