ព្រះត្រៃបិដក ភាគ ៧៥

លុះ​ខ្ញុំ​បួស​យ៉ាងនេះ​ហើយ មិនយូរ​ប៉ុន្មាន ក៏បាន​ជា​ពហុស្សូត ជា​ធម្មកថិក មាន​ប្រាជ្ញា​ដ៏​វិចិត្រ។ ខ្ញុំ​ជា​អ្នក​ក្លៀវ​កា្ល​ដោយ​គុណ បាន​ពណ៌នា​គុណ​របស់​ព្រះ​សាស្តា ដែល​មាន​វណ្ណៈ​ដូច​មាស ក្នុង​កណ្តាល​បរិស័ទ​ច្រើន​ជា​រឿយៗថា ព្រះពុទ្ធ​នុ៎ះ ជា​ព្រះ​ខីណាស្រព ទ្រង់​មិន​មានទុក្ខ កាត់​បង់​នូវ​សេចក្តី​សង្ស័យ ទ្រង់​ដល់​នូវ​ការ​អស់​នៃ​កម្ម​ទាំងពួង មានព្រះហឫទ័យ​ចុះ​ស៊ប់​ក្នុង​ព្រះនិព្វាន ជាទី​អស់​ទៅ​នៃ​ឧបធិ។ ព្រះមានព្រះភាគ​អង្គ​នុ៎ះ ទ្រង់​ត្រាស់​ដឹង​នូវ​សច្ចធម៌ ព្រះមានព្រះភាគ​អង្គ​នុ៎ះ ទ្រង់​ប្រសើរ​ដូច​សីហៈ ព្រះ​អង្គ​ញុំាង​ព្រហ្ម​ចក្ក​ឲ្យ​ប្រព្រឹត្តទៅ ដល់​មនុស្សលោក ព្រមទាំង​ទេវលោក។ ទ្រង់​ជា​ឥសី មាន​ឥន្រ្ទិយ​ទូន្មាន​ហើយ ទ្រង់​ទូន្មាន​នូវ​មហាជន ព្រះអង្គ​ស្ងប់​រម្ងាប់​ហើយ ញុំាង​មហាជន​ឲ្យ​ស្ងប់​រម្ងាប់ ទ្រង់​រលត់កិលេស​ហើយ ញុំាង​មហាជន​ឲ្យ​រលត់កិលេស​ផង ព្រះអង្គ​ត្រេកអរ​ហើយ ញុំាង​មហាជន​ឲ្យ​ត្រេកអរ​ផង។
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 637643796631307941
ទៅកាន់ទំព័រ៖